(ខេត្តព្រៃវែង): នាព្រឹកថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងយុទ្ធនាការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦» ក្រោមប្រធានបទដ៏មានអត្ថន័យ «សាមគ្គីដើម្បីទីក្រុងស្អាត»។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី សេង ទៀង អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង។ កម្មវិធីនេះក៏មានការ និមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ លោកអភិបាល អភិបាលរងក្រុងព្រៃវែង, លោកនាយក-នាយករងរដ្ឋបាល, ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ទាំង៣, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែងយ៉ាងច្រើនកុះករ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដាស់តឿន និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន ឱ្យចេះស្រឡាញ់បរិស្ថាន ទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាអនាម័យនៅតាមលំនៅដ្ឋាន ក៏ដូចជាទីសាធារណៈ។
ស្របតាមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» លោកស្រីអធិបតី បានសង្កត់ធ្ងន់ថា ទីក្រុងស្អាតមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមគ្នារវាងអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់រូប។
បន្ទាប់ពីពិធីបើកជាផ្លូវការ លោកស្រីអភិបាលរងខេត្ត រួមជាមួយមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានចុះធ្វើសកម្មភាពប្រមូលសម្រាម និងសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រៃវែង ដើម្បីជាការគំរូ និងបង្កើតសោភ័ណភាពក្រុងឱ្យកាន់តែស្រស់បំព្រង។
”ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា! ការចូលរួមរបស់បងប្អូននៅថ្ងៃនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ចំពោះទីក្រុងរបស់យើង និងដើម្បីសុខុមាលភាពសង្គមទាំងមូល។”
យុទ្ធនាការនេះមិនត្រឹមតែជាការអបអរសាទរទិវាជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពជំរុញឱ្យក្រុងព្រៃវែង បន្តរក្សាបាននូវភាពទាក់ទាញ ផាសុកភាព និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទីក្រុងស្អាតថ្នាក់ជាតិផងដែរ៕

