(កំពង់ចាម) :ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់សមាជិកអនុគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់ និងអនុវត្តតួនាទីភារកិច្ចឱ្យបានខ្ជាប់ខ្ជួនបំផុត ចាប់ពីពេលនេះតទៅ ដើម្បីធានាឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ។
ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភ័ណភាពសង្ក្រាន្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានជំរុញ ឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ធ្វើឱ្យ “សង្ក្រាន្តកំពង់ចាម ២០២៦” ក្លាយជាព្រឹត្តិការណ៍ដ៏ចងចាំ ក្នុងនោះត្រូវរៀបចំប្រព័ន្ធទឹក នៅមុខសាលាខេត្ត រង្វង់មូលមុខធនាគារជាតិ និងតាមបណ្ដោយផ្លូវមាត់ទន្លេ ចាប់ពីភោជនីយដ្ឋាន ហាវអាន រហូតដល់មុខវេទិកាអុំទូក។ ជំរុញការតុបតែងលម្អតាមដងផ្លូវ និងតាមវត្តអារាមនានាឱ្យមានសោភ័ណភាពទាក់ទាញ ដើម្បីទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ។ បន្តរផ្សព្វផ្សាយ និងរៀបចំល្បែងប្រជាប្រិយខ្មែរគ្រប់ទម្រង់ ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យមកលេងកម្សាន្តពេញទាំង ៤ថ្ងៃ នៅតាមទីតាំងដែលបានកំណត់។
ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត ក៏បានរំលឹកផងដែរថា រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចជាផ្លូវការរួចរាល់ហើយ ដូច្នេះគ្រប់ផ្នែកដែលពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យស្អិតរមួត ដើម្បីយ៉ាងណាឱ្យព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ចាម ២០២៦” ប្រព្រឹត្តទៅដោយភាពជោគជ័យ និងបង្កភាពសប្បាយរីករាយទ្វេដងជូន ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

