កងកម្លាំងនគរបាលថ្មី ព្យាយាមហ្វឹកហាត់ដោយការយកចិត្តទុកដាក់ ចំពោះការប្រើប្រាស់យុទ្ធវិធីនិងអាវុធគាំទ្រ

ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជា ការរងកងទ័ពជើងគោកមេបញ្ជាការ យោធភូមិភាគទី៥ តាមសំណូមពររបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានពិនិត្យការហ្វឹកហាត់ របស់កងកម្លាំងនគរបាលថ្មី ដែលកំពុងធ្វើការហ្វឹកហាត់នៅហ្នឹងកន្លែងអំពីយុទ្ធវិធី នៃការប្រើប្រាស់អាវុធគាំទ្រ ដោយមានក្រុមគ្រូបង្គោល ជាយោធាអញ្ជើញមកពីទីបញ្ជាការយោធភូមិភាគទី៥ ។

ក្នុងការហ្វឹកហាត់នេះនឹងមានរយៈ ពេលលើសពីពីរសប្តាហ៍ដើម្បីឱ្យកងកម្លាំងទាំងអស់លោកមានចំណេះ និងជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់អាវុធគាំទ្រ និងយុទ្ធវិធីសំខាន់ៗផ្សេងទៀត ដែលជាមូលដ្ឋាននិងតម្រូវ ការចាំបាច់ក្នុងការប្រើប្រាស់ បម្រើឱ្យការងារប្រយុទ្ធជាក់ស្តែង បន្ទាប់ពីកងកម្លាំងនគរបាលថ្មីនេះ បានហ្វឹកហាត់បណ្តុះបណ្តាល លើមុខវិជ្ជានិងជំនាញមួយ ចំនួនរបស់កងកម្លាំងនគរបាលជាតិ មួយរយៈមកហើយ។

លោកឧត្តមសេនីយ៍ស្នងការ ផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ខិតខំប្រឹង ប្រែងត្រងត្រាប់ស្តាប់បង្គាប់ តាមគ្រូ ឧទ្ទេសនៅលើមុខជំនាញដ៏មានសារ សំខាន់នេះដើម្បីយកទៅប្រើប្រាស់ជាក់ស្តែង ក្នុងពេលចេញទៅបំ ពេញភារកិច្ចតាមការចាត់តាំង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *