ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះផងដែរឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា «គ្រឿងញៀនបំផ្លាញជីវិត និងអនាគតរបស់យើងសូមបងប្អូនខិតខំអនុវត្តតាមការណែនាំដើម្បីឆាប់បានត្រឡប់ទៅជួបជុំក្រុមគ្រួសារ ចូលរួមលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គម និងជ្រោងទង់ជាតិរបស់កម្ពុជាយើងឱ្យខ្ពស់ត្រដែតឡើង»។
ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឃុំកែវផុស មានដូចជា៖ អង្គរ ៣០តោន និងថវិកាមួយចំនួនផងដែរ ដោយឡែកអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានឧបត្ថម្ភសាច់ជ្រូកចំនួន ៦០០គីឡូជូនដល់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឃុំកែវផុសផងដែរ។

