អបអរសាទរ​ សន្និបាតបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ ប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២៦

(កំពង់ចាម) ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ថ្លែងថា​: តាមរយៈសារនយោបាយជាបន្តបន្ទាប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាសំខាន់ៗរបស់ជាតិ ធ្វើឱ្យមហាជន បានឃើញច្បាស់ពីការរីកចម្រើនរបស់ជាតិ និងយល់ដឹងអំពីគោលការណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល អំពីសភាពការណ៍ និងភារកិច្ចសំខាន់ៗ រួមទាំងឧបាយកលដ៏ពិសពុលរបស់ពួកប្រឆាំងជ្រុលនិយម ជាពិសេសអំពីគោលជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងការទូត។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានសង្កត់ធ្ងន់ថា​ ទង្វើឈ្លានពានរបស់ថៃ បានធ្វើឱ្យ ប្រជាជនកាន់តែយល់ច្បាស់ អំពីគុណតម្លៃនៃសន្តិភាព ហើយក៏បញ្ជាក់ឱ្យឃើញច្បាស់ផងដែរថា ពាក្យ “អរគុណសន្តិភាព” ត្រូវតែលើកកម្ពស់។ ស្មារតីពង្រឹងសាមគ្គី ឯកភាពជាតិ ត្រូវបានពុះកញ្ជ្រោលឡើង នៅក្នុងចំណោមមហាជន យុវជន ដែលបានបង្ហាញច្បាស់តាមរយៈការគាំទ្រពេញទំហឹង ដល់វីរយុទ្ធជន សមរភូមិមុខ និងរាល់ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងនោះ រួមទាំងការគាំទ្រគ្រប់លទ្ធភាពដល់វីរៈកងទ័ព និងបងប្អូនជនភៀសសឹកផងដែរ​។

ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងពិធី អបអរសាទរ​ សន្និបាតបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ ប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជានជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សន្និបាតបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត ស្ថិតនៅទីស្នាក់ការគណបក្សស្រុកចំការលើ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានសមាជិកចូលរួមចំនួន ៦៥០នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *