បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើរដល់កម្លាំងនគរបាលថ្មីទាំងអស់ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីបុព្វហេតុជាតិមាតិភូមិ។
ការផ្ដាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ និងជួបសំណេះសំណាល ជាមួយសិក្ខាកាម ២០០នាក់ ដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលប្រជុំ (ក) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការសិក្សា វាយតម្លៃការបណ្តុះបណ្តាល និងការយល់ដឹងរបស់សិក្ខាកាមក្របខ័ណ្ឌថ្មី ចំនួន២៦៥នាក់ ស្រី ១៣នាក់ រួមមាន៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោយពីបញ្ចប់ការហ្វឹកហ្វឺនអស់រយៈពេល ៤៥ថ្ងៃ។
លោកវរសេនីយ៍ឯក សាត កែវ នាយការិយាល័យសរុបផែនការ បានធ្វើផ្សព្វផ្សាយផែនការ បែងចែកការងារ និងការទទួលខុសត្រូវ ដល់កម្លាំងនគរបាលថ្មី ដើម្បីយល់ដឹងអំពីតួនាទី ភារកិច្ច របស់ខ្លួន មុនបញ្ជូនទៅតាមអង្គភាព និងគោលដៅឈរជើងនីមួយៗ។ លោក ក៏បានណែនាំដល់កងកម្លាំងនគរបាលថ្មីទាំងអស់ត្រូវយកចំណេះ ជំនាញ វិជ្ជាជីវះ ដែលទើបរៀនចប់ ទៅប្រើប្រាស់តាមអង្គភាពឲ្យបានត្រឹមត្រូវ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើរដល់កម្លាំងនគរបាលថ្មីទាំងអស់ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ ឈរលើស្មារតីទទួលខុសត្រូវ ដើម្បីបុព្វហេតុជាតិមាតិភូមិ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ ក៏បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន ,ពងឹ្រងការងារផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឱ្យបានល្អ, ពង្រឹងទប់ស្កាត់ បទល្មើសឆ្លងដែន និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព៕

