(ព្រៃវែង) : នៅថ្ងៃព្រហស្បត្តិ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានដឹកនាំគណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ ចំនួន ១៦៧នាក់ ជានារី ២៩ នាក់ ដែលនឹងត្រូវសិក្សារយៈពេល៤ខែ នៅសាលានគរបាលជាតិភូមិភាគ២ ព្រមទាំងនាំមកនូវសម្ភារៈនិថវិកាមួយ ចំនួនឧបត្ថម្ភដល់សាលានគរបាលជាតិភូមិភាគ២ ។
លោក ឧត្តមសេនីយ៍ទោ រត្ន័ ចំរើន នាយកសាលានគបាលភូមិភាគ២ ខេត្តកំពង់ចាម បានឲ្យដឹងថា សិស្សនគរបាលដែលមកសិក្សា និងហ្វឹកហាត់នៅពេលនេះរួមមាន ៥អង្គភាពគឺ
១-នាយកដ្ឋានអក្សរសម្ងាត់ចំនួន ៥នាក់ នារី ១នាក់។
២-ស្នងការដ្ឋាននគរបាលខេត្តរកំពង់ចាម ចំនួន ៥២នាក់ នារី ៩នាក់។
៣-ស្នងកាដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ៨៩នាក់ នារី ១៣ នាក់។
៤-អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៧នាក់ នារី ៣ នាក់។
៥-អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំនួន ១៤នាក់ នារី ៣នាក់។
ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា បណ្តុះបណ្តាលមានគោលបំណង ធ្វើឱ្យសិស្សក្លាយជាមន្ត្រីនគរបាល ដែលមានលក្ខណសម្បត្តិ សក្តិសមជាមន្ត្រីនគរបាលជាតិ មាន មានចំណេះដឹងអំពីវិជ្ជាជីវៈនគរបាលកម្រិតបឋម មានការយល់ដឹងអំពីតួនាទី ភារកិច្ច របៀបរបបការងារ និងកាតព្វកិច្ចរបស់កងកម្លាំង ព្រមទាំងមានស្មារតីទទួលខុសត្រូវលើការងារ គោរព ប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ។
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ផ្តាំផ្ញើថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ វិន័យគឺជាឆ្អឹងខ្នង។ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានកាយវិការសមរម្យ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ប៉ុន្តែត្រូវមានភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់៕

