ឃាត់ខ្លួន​ចៅប្រុស ចាប់​អូស​ជីដូន​បង្កើត​អាយុ​៩០​ឆ្នាំ ទម្លាក់​ពីលើ​គ្រែ និងវាយរបួស​ច្រើន​កន្លែង​រហូត​ដល់​ស្លាប់!

ខេត្តកណ្តាល ​៖ បុរស​ម្នាក់មាន​ជំងឺ​ជន​វិបល្លាស​ស្មារតី ​(​សតិ​មិន​ប្រក្រតី​) ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ តាម​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ហិ.ង្សា​ដោយ​ចេតនា​(​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់) ​ដោយ​​ចាប់​ទាញ​ជីដូនប​ង្កើ​ត​ ទម្លាក់​ពីលើ​គ្រែ ខាងក្រោម​ផ្ទះ និង​វាយ​បណ្តាល​ឲ្យ​របួស​ជា​ច្រើន​កន្លែង រហូត​ដល់​ស្លាប់ ។

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ ​បាន​កើតឡើង​ពេលវេលា​១១​ព្រឹក ថ្ងៃ​ទី​០៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​ដូន​សរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ បានអោយ​ដឹង​ថា​ ជនសង្ស័យ​ដែល វាយ​សម្លាប់​ជីដូន​រូប​នោះ ឈ្មោះ ប៊ូ ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​សតិ​មិន​ប្រក្រតី​ (​ជន​វិបល្លាស​ស្មារតី) មាន​ទីលំនៅ​ភូមិ​ដូន​សរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ចំណែក​ជន​រង​គ្រោះឈ្មោះ ប៊ូ សុ​ឃ​ន​ ភេទ​ស្រី អាយុ​៩០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជរា មាន​ទីលំនៅ​ភូមិ​ដូន​សរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ត្រូវជា​ជីដូន​បង្កើត​ជនសង្ស័យ​ ។

លោក​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង០២ និង១០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ​ខែកុម្ភៈ​ ឆ្នាំ២០២៦ នៅ​ម្តុំ​ជញ្ជីង​ថ្លឹង​រថយន្ត ស្ថិត​ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ទាញ​ជីដូន​ចាស់ជរា ទម្លាក់​ពីលើ​គ្រែ ​និង​វាយដំ​រហូត​ដល់​ស្លាប់​បាន​១​ថ្ងៃ​ ។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា​ ​នៅ​ថ្ងៃ​ទី​០៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក ជនសង្ស័យបាន​ធ្វើ​សកម្មភាព​ចាប់​ទាញ​ជន​រង​គ្រោះ​ទម្លាក់​ពីលើ​គ្រែ ខាងក្រោម​ផ្ទះ និង​វាយ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​របួស​ជា​ច្រើន​កន្លែង ឃើញ​ដូចនេះ​ឈ្មោះ លន ធឿ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ដូន​សរ ឃុំ​គគីរ ស្រុក​កៀនស្វាយ (​ត្រូវជា​ក្មួយ​ស្រី​របស់​ជន​រង​គ្រោះ​) បាន​ទៅ​ប្រាប់​ឈ្មោះ ឡុ​ង ចាន់​តា​រ៉ា ភេទ​ប្រុស ត្រូវជា​មេ​ភូមិ​ដូន​សរ ឃុំ​គគីរ ពី​សកម្មភាព​របស់​ជនសង្ស័យ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ ​ដែល​ជា​ជីដូន​។ លុះដល់​ពេល​ឈ្មោះ លន ធឿ​ន ភេទ​ស្រី ត្រឡប់​មក​ពី​ផ្ទះ​មេ​ភូមិ​វិញ ​បាន​នាំ​បងប្អូន​មក​រៀបចំ​កន្លែង​ ដោយ​លើក​​ជន​រង​គ្រោះដាក់​នៅ​លើ​គ្រែ ​ក្រោមផ្ទះ ​ដើម្បី​បញ្ចុក​បបរ និង​ទឹក តែ​ជនសង្ស័យ​ស្រែក​ឡូឡា និង​តាម​រករឿង​ឈ្មោះ លន ធឿ​ន ភេទ​ស្រី មិន​ឲ្យ​បញ្ចុក​បបរ​ជន​រង​គ្រោះ​ឡើយ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា លុះដល់​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ឈ្មោះ​លន ធឿ​ន ភេទ​ស្រី បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​កម្លាំង​ប៉ុស្តិ៍​គគីរ ​ឲ្យ​ជួយ​មក​មើល​ជនសង្ស័យ ព្រោះមិន​អោយ​ខ្លួន​ចូល​មើល​ជន​រង​គ្រោះ ​ដើម្បី​បញ្ចុក​បបរ និង​ទឹក​។ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​គគីរ​ បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ រួច​បាន​និយាយ​ណែនាំ​ជនសង្ស័យ​ ឲ្យឈប់​ស្រែក​ឡូឡា ពេល​នោះ​ជនសង្ស័យ​ក៏​យល់ព្រម។ រហូតដល់​ម៉ោង​១៤​និង​៤០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​បងប្អូន​ជន​រង​គ្រោះ ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​គគីរ ​ប្រាប់​ថា ​ជន​រង​គ្រោះ​បាន​ដាច់​ខ្យ​ល់​ស្លាប់ហើយ ​។

តាម​នគរបាល​ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៌​មាន​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​គគីរ សហ​ការណ៍​ជំនាញ​យុត្តិធម៌​ នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ បាន​ធ្វើការ​ស្រាវជ្រាវ ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​រសៀល​ថ្ងៃ​ទី​៩ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦​ នៅ​ម្តុំ​ជញ្ជីង​ថ្លឹង​រថយន្ត ឋិត​ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា​ ជនសង្ស័យ ឈ្មោះ ប៊ូ ចាន់​ដា​រ៉ា ភេទ​ប្រុស ជា​ជន​វិបល្លាស​ស្មារតី ដោយសារ​ទទួល​គ្រោះថ្នាក់​ចរាចរណ៍ប៉ះពាល់​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​នៅ​ប្រទេសអូស្ត្រាលី ព្រមទាំង​មាន​សំបុត្រ​បញ្ជាក់​ពី​ពេទ្យ​នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ ព្រោះ​ធ្លាប់​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី អស់​រយៈ​ពេល២០​ឆ្នាំ ជាមួយ​ម្តាយបង្កើត ដោយ​មាន​បញ្ហា​ខាងលើ​នេះ​ហើយ ​ទើប​សមត្ថកិច្ច​ប្រទេសអូស្ត្រាលី បាន​ចាត់​បញ្ជូនអោយមក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​។ នៅ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ប៊ូ សុ​ឃ​ន ភេទ​ស្រី​ ត្រូវជា​ជីដូន​បង្កើត វ័យ​ជរា ​។

​កន្លង​មក​អោយ​តែ​ជនសង្ស័យ​មាន​អាកា​រៈ​ធ្វើ​ទុក្ខមិន​ស្រួលខ្លួន ​ជនសង្ស័យ​តែងតែចាប់​ធ្វើបាប​ជន​រង​គ្រោះជា​ញឹកញាប់ ហើយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​តែងតែ​ចុះ​អន្តរាគមន៍​រហូត និង​ធ្លាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ អស់​រយៈពេល​១​ឆ្នាំ​ កាលពី​កំឡុង​ឆ្នាំ​២០១៩​ ពី​បទ​”​គំរាមកំហែង ថាសម្លាប់​”​ជន​រង​គ្រោះ​ ។

បច្ចុប្បន្ន ​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕ប្រភព..

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *