(កំពង់ចាម): នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការទប់ស្កាត់បណ្ដោះអាសន្ន ចំពោះការបាក់ច្រាំងស្រុតទន្លេមេគង្គ ស្ថិតនៅក្នុងក្រុងកំពង់ចាម។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។
បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាល មកពី៖ ម្យ៉ាងទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

