(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ថ្លែងការកោតសរសើរចំពោះ គ.ក.ស.ក ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាម គោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះការគាំពារសុខភាព ជីវភាព ការផ្តល់សេវាសង្គម លើកកម្ពស់សមភាពយេនឌ័រ តម្រូវការស្ត្រី យុវជន កុមារ និងការងារសេវាសង្គមពាក់ព័ន្ធនានា នៅតាមឃុំ/សង្កាត់ ។
ថ្លែងបែបនេះនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ ដោយមានការអញ្ជើចូលរួមពី លោកជំទាវ អៀម វណ្ណី ប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ ជាអនុប្រធាន ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និង លោក លោកស្រី គ.ក.ស.ក ក្រុង-ស្រុកទាំង១០ផងដែរ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា រាជរដ្ឋាភិបាលបានលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះស្ត្រី កុមារ ព្រមទាំងប្រជាពលរដ្ឋ និងជនងាយរងគ្រោះ ជាពិសេសបានផ្តល់ជូន នូវប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់ជួយដល់មាតា ទារក កម្មករ កម្មការីក្នុងរោងចក្រស្របតាមគោល នយោបាយសម្រាប់ផ្តល់មាតាភាព និងកម្មវិធីជំនួយសង្គមពិសេសសំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ដើម្បីសម្រាលដល់ជីវភាពក្នុងការរស់នៅ និងការបើកប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។
លើសពីនេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ជួយគាំទ្រ និងសម្របសម្រួលក្នុងគោលដៅ កាត់បន្ថយវិសមភាពយេនឌ័រ និងខិតខំរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រស្តីពី ការបង្កើន ចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៤-២០២៨) ព្រមជាមួយការ ណែនាំ ដើម្បីដោះស្រាយតម្រូវការរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕

