រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំ ស្តីពីការបង្ការការលង់ទឹក

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង បង្កើនវិន័យ និងបណ្តុះស្មារតីទទួលខុសត្រូវដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យនៃការលង់ទឹក ដែលជាបញ្ហាសង្គមសំខាន់នៅតាមសហគមន៍ និងសាលារៀន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង តំណាងឲ្យ ឯកឧត្តម អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិកគណៈអភិបាលខេត្ត មន្ត្រីជំនាញតាមមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសនោះ លោក យឹម ផែន បានមានប្រសាសន៍ថា ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំលើកនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការយកចិត្តទុកដាក់ដល់សុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលកើតមានជាញឹកញាប់នៅរដូវវស្សា និងតាមដងទន្លេ អូរ បឹង និងអាងទឹកនានា។

លោក អភិបាលរងខេត្ត បានលើកឡើងបន្ថែមថា វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺផ្តោតលើការយល់ដឹងអំពីច្បាប់ចរាចរណ៍ វិន័យបើកបរ ការពាក់មួកសុវត្ថិភាព ការគោរពសញ្ញាចរាចរណ៍ និងការប្រុងប្រយ័ត្នពេលធ្វើដំណើរ ខណៈវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក បានផ្តល់ចំណេះដឹងអំពីវិធានការប្រុងប្រយ័ត្ន ការថែទាំកុមារ ការជួយសង្គ្រោះបឋម និងការបង្កើនការយកចិត្តទុកដាក់ពីគ្រួសារ សាលារៀន និងសហគមន៍។

ជាមួយគ្នានេះ លោក បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងមាតាបិតាអាណាព្យាបាល សូមរួមគ្នាផ្សព្វផ្សាយ បណ្តុះបណ្តាល និងតាមដានការអនុវត្តជាបន្តបន្ទាប់ ដើម្បីឲ្យចំណេះដឹងដែលទទួលបានពីវីដេអូទាំងនេះ អាចក្លាយជាការអនុវត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ និងបង្កើតវប្បធម៌សុវត្ថិភាពក្នុងសង្គម។

ពិធីផ្សព្វផ្សាយនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការការពារអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងចូលរួមគាំទ្រយុទ្ធនាការអប់រំសាធារណៈ ដើម្បីឲ្យខេត្តស្ទឹងត្រែង ក្លាយជាសហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *