អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ និងគ្រឿងញៀន

(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ថ្លែងបែបនេះ ខណៈ ឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦ នៃការអនុវត្តគោល នយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព និងដាក់ចេញផែនការសកម្មភាពរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តសម្រាប់អនុវត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៤ ខែមករានេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ ពោលគឺត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់​ថ្នាក់ដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំ ណែនាំ ចំពោះការសាងសង់សំណង់រឹងគ្រប់ប្រភេទ ដើម្បីដាក់ចេញនូវយន្តការទប់ស្កាត់ចំពោះការ សាងសង់សំណង់អាណាធិបតេយ្យ ជាពិសេសការសាងសង់សំណង់ប៉ះពាល់លើដីកម្មសិទ្ធិរបស់ រដ្ឋ ឬដីចំណីព្រែកបឹងបួ រួមទាំងការសុំអនុញ្ញាតច្បាប់ចាក់ដី និងការស្នេីសុំ​បំពេញបន្ថែម​ ដេីម្បីធ្វើប័ណ្ណកាន់កាប់ដីធ្លីជាដើម។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសការិយាល័យ ឬអង្គភាពច្រកចេញចូលតែមួយ ត្រូវបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់ កំរិត ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងការជឿទុកចិត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងបិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *