(កំពង់ចាម) :នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងការការកោតសរសើរចំពោះគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារគណបក្សទាំងអស់ ដែលបានលះបង់លះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកដល់សព្វថ្ងៃនេះ។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ក្រុមការងារគណបក្ស និងមន្ត្រីពាក់ព័ន្ធ បន្តពង្រឹងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណា រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមមាគាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សចំណុះ គណៈកម្មាធិការបក្សខេត្តទាំងអស់ សូមបន្តផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន សូមបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗ តាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

