(បាត់ដំបង) : ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល។ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុករតនមណ្ឌល ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន។
បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថាលោក សើ សាម៉េត ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកសំឡូត ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌលជំនួសលោក គុយ វណ្ណូ ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុករតនមណ្ឌល ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង។
លោក សើ សាម៉េត បានប្ដេជ្ញា អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល និងចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគោលនយោបាយកំណែទម្រង់នានា។
ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានណែនាំដល់លោក សើ សាម៉េត អភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋា។
ឯកឧត្តមអភិបាលខេត្តណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានរ៉ែ ការកាប់ព្រៃឈើ ការកាយយកថ្មភ្នំ និងក្រួសជាដើមឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យម៉ត់ចត់ និងទប់ស្កាត់បទល្មើសឱ្យខាងតែបាន។
ឯកឧត្តមអភិបាលខេត្ត បន្តណែនាំដល់អាជ្ញាធរ បន្តអប់រំប្រជាពលរដ្ឋ ថែរក្សាអនាម័យបរិស្ថាន មិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន ព្រមទាំងបញ្ឈប់ការចាក់គ្រឿងបំពងសំឡេងរំខានខ្លាំងជាដើម។
ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា៕ដោយព្រំ :ហន!

