ឯកឧត្តម សុខ លូ បន្តនាំយកអំណោយរបស់សប្បុរសជនជូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកបវេល ជាបន្តបន្ទាប់

(បាត់ដំបង) :ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ បានបន្តអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដែលទទួលបានពីសប្បុរសជននានា មានគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ចាំបាច់ផ្សេង ដែលសប្បុរសជនឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត ឧបត្ថម្ភជូនបងប្អូនភៀសសឹក ក្នុងនោះបានឧបត្ថមជូនបងប្អូនភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន២ទីតាំងទៀត មានមណ្ឌលសុវត្ថិភាពវត្តអំពិលប្រាំដើម ចំនួន៣៩៤គ្រួសារ និងមណ្ឌលសុវត្ថិភាពវត្តកំពង់ឆ្នាំង ចំនួន៣៤២គ្រួសារ ស្ថិតក្នុងស្រុកបវេល។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបន្តណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញយកចិត្តទុកដាក់ក្នុងការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ អន្តរាគមន៍សម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃ អាចារ្យ គណៈកម្មាការវត្ត ដែលបានសហការជាមួយអាជ្ញាធរ ផ្តល់ទីតាំងសម្រាប់បងប្អូនភៀសសឹកស្នាក់នៅ និងណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពចូលរួមរក្សាអនាម័យបរិស្ថាន ចេះគោរពស្រឡាញ់គ្នាក្នុងគ្រាលំបាកនេះ និងជួយថែរក្សាការពារសម្ភារៈ ទ្រព្យសម្បត្តិរួម ក្នុងមណ្ឌលភៀសសឹកឱ្យបានល្អ។

ឯកឧត្តម បានបន្តក្រើនរំលឹកបងប្អូនពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសរក្សានូវសុខសន្តិភាព និងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយសត្រូវឈ្លានពានបានដោយសន្តិវិធី។

ជាមួយគ្នានោះដែរ បងប្អូនដែលបានភៀសសឹកបានបង្ហាញអារម្មណ៍កក់ក្តៅដែលទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនដែលតែងតែ ជួយសម្រួលនូវទុក្ខលំបាកនានានៅតាមមណ្ឌលភៀសសឹក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *