ឯកឧត្តម សុខ លូ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់ទិញដី ព្រមទាំងសង់ផ្ទះជូនគ្រួសារសព លោកពលបាលឯក ញ៉ែម ភារិន ដែលបានពលីជីវិតលើសមរភូមិ

(បាត់ដំបង) :នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាសម្រាប់ទិញដី ព្រមទាំងសង់ផ្ទះជូនគ្រួសារសព លោកពលបាលឯក ញ៉ែម ភារិន កងទ័ពនៃវរសេនាតូច លេខ២៤១ កងពលធំ អគ្គរាគមន៍ លេខ ២ ឧត្តរមានជ័យ យោធភូមិភាគទី៤ បានពលីជីវិតលើសមរភូមិ កាលពីថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៩ឆ្នាំ ស្ថិតនៅ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសចុះសួរសុខទុក្ខជាមួយគ្រួសារសពវីរយុទ្ធជនពលីខាងលើនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តដោយមើលឃើញពីភាពលំបាក នៃគ្រួសាររបស់យុទ្ធជនពលី ឯកឧត្តមបានផ្តល់ថវិកាទិញដី និងសង់ផ្ទះ ជូន អ្នកស្រី គាំ ស្រីវី ជាភរិយា នៃសព លោកពលបាលឯក ញ៉ែម ភារិន ដើម្បីជួយសម្រាលការលំបាកចំពោះគ្រួសារនៃសព។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បាននាំយកថវិការបស់រដ្ឋបាលខេត្ត និងគ្រឿងឧបភោគបរិភោគ បន្ថែមទៀតឧបត្ថមជូនគ្រួសារសពផងដែរ។

គួរបញ្ជាក់ផងដែរ កន្លងមក លោក ផេង សិទ្ធី អភិបាលរងខេត្តតំណាងឯកឧត្តម សុខ លូ បានដឹកនាំគណៈប្រតិភូ ចូលរួម គោរពវិញ្ញាណក្ខន្ធសព និងបានពាំនាំយកនូវថវិកាថ្នាក់ដឹកនាំ រួមមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថវិការដ្ឋបាលខេត្ត កាកបាទក្រហមខេត្ត គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងបានកៀងគរស្ថាប័នរដ្ឋ និងសប្បុរសជនចូលរួមជាបន្តបន្ទាប់។🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *