អភិបាលខេត្តកំពង់ចាម ថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំ របស់វេជ្ជបញ្ជាពេទ្យ ដើម្បី ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់ទៅបម្រើជាតិមាតុភូមិវិញ ។ ថ្លែងយ៉ាងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៥រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់ នៅឯកានោះឡើយ ។

រួមជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឲ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។

សូមជម្រាបថា វីរកងទ័ពទាំង ០៥រូប ដែលបានមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម មាន ៖ ១.ឈ្មោះ ពុធ ម៉ៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ។ ២.ឈ្មោះ ឃិន ពិ ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៣.ឈ្មោះ សោម សឿន ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៤.ឈ្មោះ ទ្រី នី ភេទ ប្រុស អាយុ ៥៤ឆ្នាំ ។ និង៥.ឈ្មោះ ប៊ុន បឿន នាយចំណង់ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ។ ពួកគាត់ទាំង ៥រូប កំពុងបំរើការងារ នៅកងពលលេខ២១ ឈរជើងនៅទិសតាក្របី ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី ពីសំណាក់ចោរឈ្លានពានយោធាថៃ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *