អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា(MACPP)៩ប្រទេសបានចុះពិនិត្យមើលទីតាំងទម្លាក់គ្រាប់បែក MK-84 និងគ្រាប់ផ្លោងនៅឃុំគោកមន ខេត្តឧត្តរមានជ័យ

(ភ្នំពេញ) :ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ១១:០០ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ចំនួន ៩ប្រទេស ដែលមានអន្តេវាសិកដ្ឋានស្ថិតនៅក្នុង និងក្រៅប្រទេសកម្ពុជា បានកំពុងចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដែលរងការបំផ្លិចបំផ្លាញដោយការទំលាក់គ្រាប់បែក MK-84 និងគ្រាប់ផ្លោងដោយមិនរើសគោលដៅពីកម្លាំងយោធាថៃ មកលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ស្ថិតនៅភូមិថ្មដូន ឃុំគោមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ការចុះបំពេញបេសកកម្មនេះ គឺកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ ដែលឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *