សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ បន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រដល់វីរៈកងទ័ព វីរៈនគរបាលជាតិ បន្ដបេសកកម្មការពារទឹកដី

(ភ្នំពេញ) ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ នៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់កម្ពុជា បន្តបេសកកម្មការពារទឹកដី។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង»។

សម្តេចធិបតី បន្ដថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា «សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ រាជរដ្ឋាភិបាល ស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *