(កំពង់ចាម) កូនឈើប្រណីត ចំនួន ៨៥០ដើម បាន ដាំដុះរួចរាល់ ស្ថិតក្នុងបរិវេណវត្ត ភ្នំព្រះវិហារ ឃុំតាំងក្រសាំង ស្រុកបាធាយ ដែលជាគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តបតាមដំណើរនិមន្តបិណ្ឌបាត របស់ព្រះគ្រូចៅអធិការវត្ត ភ្នំព្រះវិហារ។
ក្នុងដំណើរអញ្ចើញចុះពិនិត្យវឌ្ឍនភាព “សួនឈើប្រណីត” នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក សុីម ថាវីរៈ បានជំរាបជូន ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ថា កូនឈើដែលបានដាំដុះរួចរាល់ នៅលើទំហំផ្ទៃដី ជិត១ ហិកតា នេះ មានចំនួនសរុប ៨៥០ដើម ក្នុងនោះ មានប្រភេទកូនឈើប្រណីតជាច្រើនមុខ រួមមាន -ក្រញូង ១៥០ដើម, ធ្នង់ ១៥០ដើម, បេង ១៥០ដើម, គគីរ ១៥០ដើម, កកោះ ១៥០ដើម, រំដួល ៥០ដើម និងដើម ឆ័ត្រ ៥០ដើម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើដែលទើបដាំដុះរួចរាល់នេះ អោយបានជាប់ជាប្រចាំ រួមការដាក់បំប៉នជី ស្រោចទឹក ក៏ដូចជាការជួសឡើងវិញនូវរណ្តៅកូនឈើដែលបានងាប់ ដើម្បីឲ្យវាធំឡើងព្រមគ្នា ហើយត្រូវបំផុសស្មារតី ប្រជាពលរដ្ឋចេះស្រលាញ់ ការពារព្រៃឈើ ព្រោះព្រៃឈើគឺជាសម្បត្តិមហាសាល របស់មនុស្សជាតិ៕

