អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់អាជ្ញាធរ​ ត្រូវយកចិត្តទុកដាក់ និង​ជំរុញកុមារ​ ឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍ

(កំពង់ចាម) ​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់លើកុមារ និងជំរុញធ្វេីយ៉ាងណាឱ្យពួកគេបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍប្រកបដោយគុណភាព។​ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥​ នារសៀលថ្ងៃទី​២០​ ខែតុលា​ នេះ​ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ ក្រុមប្រឹក្សាឃុំ សង្កាត់រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការអនុវត្តគោល-នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព- ជាពិសេសការផ្តល់សេវារដ្ឋបាល ការអភិវឌ្ឍ មូលដ្ឋាន ការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការលើកកម្ពស់អនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អក្នុងដែនសមត្ថកិច្ច របស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ដើម្បីចូលរួមប្រឡងប្រណាំ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមរយៈការសហការជាមួយមណ្ឌលសុខភាព និងដៃគូពាក់ព័ន្ធ​ ដេីម្បី​ធ្វើ​ការថែរក្សាសុខភាពស្ត្រី និងទារក ដែលជាការងារអាទិភាពបំផុត ។​

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ​ ត្រូវ​ពង្រឹងយន្តការគាំទ្រ និងអន្តរាគមន៍ឱ្យបានខ្លាំងក្លា ចំពោះការជួយ ទប់ស្កាត់ជម្លោះក្នុងគ្រួសារ និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *