(កំពង់ចាម) :នារសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៥ នៅវត្តភ្នំហាន់ជ័យ ស្រុកកំពង់សៀម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម បានដឹកនាំសមាគមនារីសាខាខេត្តកំពង់ចាម ចូលរួមវេប្រគេងបច្ច័យ បុណ្យកឋិនទានសាមគ្គី សម្រាប់ទុកកសាងវត្ត និងទុកផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា។
លោកជំទាវ ញូង ចរិយា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ សមាគមនារី ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ។ ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។
បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទាំងអស់នេះ បានវេរប្រគេនព្រះសង្ឃ ក្នុងពទ្ធសីមា វត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ដើម្បីបន្តកសាងកុដិ និងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ៕

