(បាត់ដំបង) :នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ បានអញ្ជើញដឹកនាំ ពិធីដង្ហែអង្គកឋិនទានសាមគ្គី របស់រដ្ឋបាលខេត្តបាត់ដំបង ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា «វត្តព្រះពុទ្ធជយមង្គល ហៅវត្តបត់សាលា» ស្ថិតនៅក្នុង ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងបរិវេណវត្ត។
ពិធីដង្ហែអង្គកឋិនទានសាមគ្គី របស់រដ្ឋបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី អភិបាលក្រុង ស្រុក និងមន្ត្រីរាជការទាំងអស់ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ យ៉ាងច្រើនកុះករ បានចូលរួមដង្ហែអង្គកឋិនចេញពីសាលាខេត្តបាត់ដំបង ឆ្ពោះទៅកាន់«វត្តព្រះពុទ្ធជយមង្គល ហៅវត្តបត់សាលា» បន្ទាប់មក ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហាររួច វេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពុទ្ធបរិស័ទ មន្ត្រីរាជការទាំងអស់ ដោយសេចក្តីសោមនស្សរីករាយដែលបានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាដូចជា កសាងកុដិ កសាងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួមជាថវិកា និងចូលរួមជួយ ជ្រោមជ្រែងក្នុងពិធីបុណ្យបានយ៉ាងរលូនអស់ពីកម្លាំងកាយចិត្តគ្រប់ៗគ្នា។

