ខេត្តសៀមរាប: នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ សម្រាប់គោលដៅស្រុកបន្ទាយស្រី ក្នុងន័យដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦នេះ។ ឯកឧត្តម ស៊ិន រុន សមាជិកក្រុមប្រឹក្សាខេត្តបានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាន៩ខែមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត នឹងទទួលសំណួរ សំណូមពររបស់ប្រជាពលរដ្ឋដែលមានបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយ ក្នុងការបង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលជាការផ្ដល់សេវាសាធារណៈនានាជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តមបានបន្ត ថានេះជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអាចលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានច្រើន តាមរយៈការលើកឡើងផ្ទាល់មាត់ និងការសរសេរ ដើម្បីបើកឱកាសឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ប្រមូលនូវរាល់ មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការស្រាយបំភ្លឺ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានបង្ហាញថា រយៈពេល ៩ខែ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត បានបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញ តួនាទី ភារកិច្ច ស្របតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជា សេចក្ដីណែនាំ និង ជាឆ្នាំបន្តការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់នានា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាពនៅកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល ស្របតាមបដិវត្តឧស្សាហកម្មទី៤ និងបដិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចសង្គមកម្ពុជា ព្រមទាំងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកស្រីបន្តថា រដ្ឋបាលគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាព ជំនាញនានា ក្នុងខេត្ត បានខិតខំពុះពារជម្នះការលំបាកនានា រួមទាំងផលប៉ះពាល់ដែលបង្កឡើងពីការឈ្លានពានពី ប្រទេសថៃ នៅតាមព្រំដែនកម្ពុជា-ថៃចំនួន ២លើក ក៏ខេត្តធានាបាននូវប្រសិទ្ធភាពក្នុងការដឹកនាំ ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងជនភៀសសឹក ដែលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបមានភាពល្អប្រសើរ។
ឯកឧត្តម នូ ផល្លា តំណាងរាស្ដ្រមណ្ឌលសៀមរាប មានប្រសាសន៍ថា វេទិកានេះបានបើក៎ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ លើកឡើងនូវរាល់សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបើកឱកាសឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ឱ្យចាប់យកឱកាសសិក្សាជំនាញបច្ចេកទេសដោយមិនបង់ប្រាក់នៅវិទ្យាស្ថានទាំងនោះ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដសម្រាប់យកទៅប្រកបមុខរបរចិញ្ចឹមជីវិត។
សូមជម្រាបថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរផ្ទាល់មាត់ចំនួន៦ និងលាយលក្ខណ៍អក្សររចំនួន៨ ដោយផ្ដោតទៅលើបញ្ហាបរិស្ថាន វិស័យអប់រំ វិស័យដីធ្លី។ ក្នុងនោះមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានធ្វើការឆ្លើយបំភ្លឺ សំណួរ សំណូមពរ ចំនួន៨ ក្នុងអង្គវេទិកាផ្ទាល់។ ចំពោះសំណួរសំណូមពរ ដែលនៅសល់ក្រុមការងារ នឹងជូនដំណឹងស្រាយបំភ្លឺតាមក្រោយ៕

