ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ចុះពិនិត្យមើលវឌ្ឍនភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ រហូតដល់ស្ពានអាកាស សម្តេចមហាបវរធិបតី និងបន្តពិនិត្យមើលការងារមួយចំនួនទៀតនៅតាមមហាវិថី និងផ្លូវនានាជាច្រើនក្នុងរាជធានី ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) មានជាអាទិ៍ ប្រព័ន្ធលូ ការជួសជុលអ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ និងការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម។ ក្រៅពីនេះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ កែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងរៀបចំឱ្យមានការពង្វៀងចរាចរណ៍នៅលើតម្រាយផ្លូវមួយចំនួនទៀត ដែលត្រូវប្រតិភូឆ្លងកាត់ផងដែរ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃដដែលនេះថា៖
១. គ្រប់កិច្ចការ និងភារកិច្ចដែលទទួលបានពីគណៈកម្មការថ្នាក់ជាតិ ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ។
២. ការងារអាទិភាពដែលរដ្ឋបាលរាជធានីកំពុងយកចិត្តទុកដាក់ ពោលគឺរាល់កិច្ចការដែលគណៈកម្មការថ្នាក់ជាតិដាក់មក គឺត្រូវធានាឱ្យកិច្ចប្រជុំកំពូលអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក និងទទួលបានជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ។
៣. ចំពោះកិច្ចការធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគណៈកម្មការសន្តិសុខថ្នាក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។
៤. ពន្លឿនការងារជួសជុល ថែទាំដងផ្លូវ ភ្លើងបំភ្លឺសាធារណៈ និងការរៀបចំសោភ័ណភាពតាមដងផ្លូវ។
ជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំការយោគយល់អធ្យាស្រ័យផងដែរ ក្នុងករណីមានការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចកើតឡើងដោយសារការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងប្រារព្ធពិធីនៃព្រឹត្តិការណ៍ប្រជុំកំពូល និងកម្មវិធីអមនានា៕

