ពោធិ៍សាត់ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិដោយទឹកជំនន់ ចំនួន ១,០០៥គ្រួសារ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប នៅវត្តទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគឺការចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗប្រកបដោយភាពទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងល្អ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ក៏ដូចជាបន្តខិតខំប្រឹងប្រែងបង្កបង្កើនផល ដើម្បីកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងវិញ៕

