(កំពង់ចាម)៖ ក្នុងស្មារតីរំលឹកដឹងគុណចំពោះពលិកម្មដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបានតស៊ូបូជាជីវិត ដើម្បីដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។
ពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះ មន្ត្រីសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍រំលឹកថា ក្នុងរយៈពេល៧៣ឆ្នាំកន្លងមក ប្រទេសកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ទាំងភាពរុងរឿង ការប្រឈមនឹងសង្គ្រាម ការបែកបាក់ និងការបាត់បង់យ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារឆន្ទៈដ៏មោះមុតរបស់ប្រជាជនខ្មែរ ស្មារតីតស៊ូរបស់អ្នកស្នេហាជាតិ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ ប្រទេសជាតិបានឆ្លងផុតពីគ្រាលំបាក និងបន្តដំណើរលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ឯកឧត្តមបានគូសបញ្ជាក់ថា ឯករាជ្យជាតិដែលបុព្វបុរសខ្មែរបានបន្សល់ទុក គឺជាមរតកដ៏ឧត្តុង្គឧត្តម និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដូច្នេះ ប្រជាជនខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមគ្នាថែរក្សា ការពារ និងបន្តពូនជ្រុំមរតកដ៏មានតម្លៃនេះ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ក៏ជាឱកាសដ៏វិសេសវិសាលក្នុងការរំលឹកដល់គំរូវីរភាព ការលះបង់ និងស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងយោធពលខេមរភូមិន្ទ ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានបន្តសង្កត់ធ្ងន់ថា ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ មិនមែនគ្រាន់តែជាការរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការដាស់ស្មារតី និងរំលឹកដល់កាតព្វកិច្ចរបស់ប្រជាជនគ្រប់រូប ក្នុងការចូលរួមថែរក្សាមរតកជាតិ ការពារសុខសន្តិភាព ពង្រឹងសាមគ្គីភាពជាតិ និងបន្តរួមចំណែកកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿង។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យយើងទាំងអស់គ្នាចងចាំ និងប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏មានតម្លៃទាំង៤ គឺ៖
ឯករាជ្យជាតិ ជាមរតកដ៏ថ្លៃថ្លា ដែលបុព្វបុរសបានតស៊ូបូជាដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
សន្តិភាព ជាគ្រឹះដ៏រឹងមាំសម្រាប់ការរស់នៅប្រកបដោយសុខដុមរមនា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។
សាមគ្គីភាព ជាកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិ ដែលអាចជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានា។
ការអភិវឌ្ឍ ជាបេសកកម្មរួម និងជាការទទួលខុសត្រូវរបស់ប្រជាជនគ្រប់រូប ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងមានវិបុលភាព។
ពិធីនេះបានបង្ហាញពីស្មារតីស្នេហាជាតិ ការគោរពដឹងគុណចំពោះគុណូបការៈរបស់បុព្វបុរស និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាព ដើម្បីបន្តកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍។

