ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទព្រឹត្តិការណ៍ ប្រណាំងទូក «ង» លើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បន្ទាប់ពីបានដំណើរការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងអធិកអធមអស់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន កីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
ជាលទ្ធផលនៃការប្រកួតប្រជែងរយៈពេល ២ថ្ងៃ គណៈកម្មការបច្ចេកទេសបានរកឃើញទូកជ័យលាភីឆ្នើម ចំនួន៥ ដូចជា ៖ ចំណាត់ថ្នាក់លេខ ១៖ ទូក «ង» ឈ្មោះ នទីមង្គលកម្ពុជរតនៈមានជ័យ, ចំណាត់ថ្នាក់លេខ ២៖ ទូក «ង» ឈ្មោះ ពោធិ៍សាត់សែនជ័យបារមីចៅសែន, ចំណាត់ថ្នាក់លេខ ៣៖ ទូក «ង» ឈ្មោះ ដែនដីមានជ័យបារមីចៅសែន, ចំណាត់ថ្នាក់លេខ ៤៖ ទូក «ង» ឈ្មោះ តេជះតាលោសែនជ័យបារមីថ្មអណ្តែត, ចំណាត់ថ្នាក់លេខ ៥៖ ទូក «ង» ឈ្មោះ មហាហង្សសែនជ័យ។
ថ្លែងក្នុងឱកាសបិទកម្មវិធី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធី អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពតាមដងទឹក ធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំប្រចាំខេត្តនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ស្មារតីនៃការរួបរួមកម្លាំងសាមគ្គីភាពក្នុងពិធីប្រណាំងទូក «ង» នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ ស្រឡាញ់ទឹកដីយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចងភ្ជាប់ជាមួយប្រវត្តិសាស្ត្រនៃការតស៊ូដ៏អង់អាចក្លាហានរបស់បុព្វបុរសខ្មែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមអបអរសាទរចំពោះទូកជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តដល់ក្រុមកីឡាករចំណុះទូកគ្រប់រូប ឱ្យបន្តថែរក្សាស្មារតីសាមគ្គីភាព មិត្តភាព និងចូលរួមលើកស្ទួយប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ដូនតាខ្មែរឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន វិស័យឯកជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលបានអញ្ជើញមកចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ទាំងពេលរសៀលរហូតដល់ពេលរាត្រី។
ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក «ង» លើកទី៦ នៅខេត្តពោធិ៍សាត់ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ អមដោយការប្រគល់ពានរង្វាន់ និងថវិកាលើកទឹកចិត្តជូនដល់ទូកជ័យលាភី ព្រមទាំងពេលរាត្រីមានការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតនៅលើកោះសំពៅមាស, ការប្រគុំតន្ត្រីខ្នាតយក្សពីក្រុមហ៊ុននានា, មានស្តង់លក់ទំនិញ ម្ហូបអាហារ និងផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ៕

