ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាខួបអនុស្សាវរីយ៍លើកទី៧៣ នៃបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ យ៉ាងមហោឡារិក។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (ស្តូប) ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត។
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកានេះ គឺធ្វើឡើងក្នុងន័យរំលឹកនូវឧបការគុណដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។
ព្រះអង្គទ្រង់ជា «ព្រះបិតាសន្តិភាព» ដែលបានបង្រួបបង្រួម និងផ្សះផ្សារជាតិកម្ពុជាទាំងមូល រហូតដណ្ដើមបានទាំងស្រុងនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញាខេត្ត, អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី, ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុកទាំង១៣, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ ព្រមទាំងតំណាងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងសហគ្រិនវិស័យឯកជន ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ ៥២១ អង្គ-រូប៕

