ខេត្តសៀមរាប: ដើម្បីជំរុញការរៀបចំក្រុងសៀមរាប ឱ្យកាន់តែមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ល្អកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះនៃលេខាធិការដ្ឋានរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប និងស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសោភ័ណភាពតាមបណ្ដោយដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងតំបន់លក់ដូរតាមផ្លូវអង្គរឃ្យុងយូ (ផ្លូវ៦០) ផងដែរ។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានផ្ដោតលើទីតាំងសំខាន់ៗ មួយចំនួន រួមមាន៖ តំបន់ដងស្ទឹងសៀមរាប ចាប់ពីស្ពានអាងក្រពើ ដល់ស្ពានបច្ចេកទេស, បណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីស្តុបកោះកេរ្តិ៍ ដល់រង្វង់មូលគ្រុឌ, តំបន់ជុំវិញមុខមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងទីតាំងអាជីវកម្មលក់ដូរបណ្ដោះអាសន្ន តាមបណ្ដោយផ្លូវអង្គរឃ្យុងយូ (ផ្លូវ៦០)។
ជាមួយគ្នានេះ ក្រុមការងារបានចុះរុះរើ និងដកហូតផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដែលខូចទ្រុឌទ្រោម និងបាត់បង់សោភ័ណភាពតាមដងស្ទឹង និងដងផ្លូវសាធារណៈបានចំនួន ១២ផ្ទាំង ស្មើនឹង ៧ទីតាំង។ ចំពោះសម្ភារដែលបានដកហូត ត្រូវយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការអាងក្រពើ ដើម្បីអនុវត្តនីតិវិធីរដ្ឋបាលបន្ត។ ក្រុមការងារក៏បានចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់ លើការចតយានយន្តគ្រប់ប្រភេទ ឱ្យមានរបៀបរៀបរយ និងណែនាំដល់អាជីវករមិនឱ្យដាក់លក់ដូររំលោភលើដីចំណីផ្លូវឡើយ។ ដោយឡែកសម្រាប់តំបន់ផ្លូវអង្គរឃ្យុងយូ (ផ្លូវ៦០) រដ្ឋបាលខេត្តបានកំណត់ពង្រឹងរបៀបរៀបរយជាថ្មី ដោយតម្រូវឱ្យបងប្អូនអាជីវករចាប់ផ្ដើមរៀបចំការលក់ដូរបានចាប់ពីម៉ោង ៣រសៀល តទៅប៉ុណ្ណោះ។
រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ព្រមទាំងម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរតាមរយៈការចូលរួមថែរក្សាសោភ័ណភាព ដោយមិនត្រូវដាក់តាំងលក់ដូរសម្ភារ ឬចតយានយន្តរំលោភលើទ្រូងផ្លូវ និងដីចំណីផ្លូវសាធារណៈ។ សម្រាប់អាជីវករនៅផ្លូវអង្គរឃ្យុងយូ (ផ្លូវ៦០) សូមមេត្តាចូលរួមរៀបចំការលក់ដូរឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់។ ជាពិសេស សូមចូលរួមទុកដាក់សំរាមឱ្យបានរៀបរយតាមទីតាំងដែលបានរៀបចំ ដើម្បីរួមគ្នារក្សាអនាម័យ បរិស្ថាន និងលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដកស្រង់ជាទីក្រុងទេសចរណ៍គំរូ៕

