ខេត្តសៀមរាប: នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពី “ការទប់ស្កាត់អំពើជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ” ដោយមានការចូលរួមពី លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូមកពីសាលាក្នុង ក្រុង ស្រុក គោលដៅទាំង៤ រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកសូទ្រនិគម និងស្រុកស្វាយលើ។
លោកស្រី អភិបាលរងខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណ ដល់អង្គការមេត្រីអន្តរជាតិ (AIM) ដែលបានសហការគ្នា ជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល ដល់លោកគ្រូ អ្នកគ្រូ ជាប្រធានការិយាល័យអប់រំក្រុង ស្រុក នាយក នាយករង ប្រធានកម្រង នៃវិទ្យាល័យអនុវិល័យ បឋមសិក្សា ក្នុងក្រុងសៀមរាប ស្រុកពួក ស្រុកស្វាយលើ និងស្រុកសូទ្រនិគម សរុបប្រមាណ ៥៤រូប ឱ្យទទួលបាននូវការយល់ដឹង អំពីហានិភ័យដែលអាចកើតមានឡើងចំពោះស្រ្តី និងកុមារ និងទម្រង់ពាក់ព័ន្ធផ្សេងៗ នៃអំពើជួញដូរមនុស្ស ពិសេសអំពើជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ។
លោកស្រី ក៏បានបន្តលើកឡើងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនលើសកលលោក បានជួបប្រទះ ហើយក្នុងនោះប្រទេសកម្ពុជារបស់យើង ក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ អំពើនេះនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបញ្ហាផ្លូវការយ សុខុភាពផ្លូវចិត្ត របស់ជនរងគ្រោះ ដែលបានស្តែងចេញតាមរូបភាព អំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធឡាញ ឬការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពជាដើម។
ទន្ទឹមនឹងនេះ លោកស្រីក៏បានសង្កត់ធ្ងន់ៗថា បញ្ហាការជួញដូរផ្លូវភេទ ការរំលោភបំពានផ្លូវភេទ នេះ គឺអាចមានការកើតឡើងគ្រប់ទីកន្លែង មិនថាកន្លែងនោះជាកន្លែងសម្រាប់ប្រតិបត្តិបូជាស្វែងរកសេចក្តីសុខផ្លូវចិត្តយ៉ាងណាក៏ដោយ ពីព្រោះដោយជនល្មើសជារឿយៗ បានប្រើប្រាស់ប្រព័ន្ធជំនឿ ឬ ឋានានុក្រមអំណាច និងការមានទំនុកចិត្តខ្ពស់របស់បរិស័ទទៅលើថ្នាក់ដឹកនាំ ឬ អ្នកដឹកនាំសាសនា ឬ តាមរយៈការផ្តល់ ឬដោះដូរជាមួយនឹងវត្ថុមានតម្លៃណាមួយ ដើម្បីប្រព្រឹត្តអំពើអាក្រក់ និងលាក់បាំងទង្វើខុសច្បាប់របស់ខ្លួន។ ឆ្លើយតបទៅនឹងបញ្ហាខាងលើ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តទាំងច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងមានគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិ និងសេចក្តីណែនាំជាច្រើន ដល់គ្រប់ស្ថាប័ន និងអង្គការសង្គមស៊ីវិល ក្នុងការការពារផលប្រយោជន៍ និងការគោរពសិទ្ធិស្រ្តី និងកុមារ។

