លោកស្រី ប៉ាង ​ដានី អភិបាលរងខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងប្រព័ន្ធគាំពារសង្គមដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពមនុស្សវ័យចាស់!

(កំពង់ចាម) : លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការលើកកម្ពស់ជីវភាព និងសុខុមាលភាពមនុស្សវ័យចាស់ និវត្តជន អតីតយុទ្ធជន ជនមានពិការភាព និងជនចាស់ជរាក្រីក្រគ្មានទីពឹង តាមរយៈការពង្រឹងប្រព័ន្ធជំនួយសង្គម ដើម្បីកសាងសង្គមមួយប្រកបដោយភាពរឹងមាំ ភាពធន់ និងបរិយាបន្ន។
ការលើកឡើងនេះធ្វើឡើងនាឳកាសលោកស្រីអញ្ជើញជាតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីអបអរសាទរខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍» ដែលរៀបចំឡើងនៅបរិវេណវត្តនទីមង្គលារាម ពាមជីកង ស្រុកកងមាស នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោកស្រី ប៉ាង ដានី បន្ថែមថា ទិវានេះប្រារព្ធឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង និងបង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់ របស់មនុស្សវ័យចាស់ និងបុព្វការីជននៅក្នុងសង្គមជាតិ ដែលជាអ្នកបង្កើតធនធានដ៏មានសារៈប្រយោជន៍ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ បន្សល់ទុកនូវកេរដំណែលដ៏ល្អផូរផង់ និងបទពិសោធយ៉ាង ច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មាធិការខេត្ត ដើម្បីមនុស្សចាស់ បានយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតមនុស្សវ័យចាស់ ដោយគិតត្រឹមខែតុលា ឆ្នាំ២០២៦ មនុស្សវ័យចាស់អាយុចាប់ពី៦០ឆ្នាំឡើង ចំនួន ២៣.៦៣៩នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ដោយឡែក និវត្តជនជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន សរុប ៥.១២០នាក់ កំពុងទទួលរបបសន្តិសុខសង្គម ដោយមានប្រាក់ឧបត្ថម្ភអប្បបរមា ៨៤៥.០០០រៀលក្នុងមួយខែ ព្រមទាំងទទួលបានសេវាសុខាភិបាល ដែលជាបន្ទុករបស់រដ្ឋ តាមរយៈបណ្ណ ប.ស.ស.។ ទន្ទឹមនឹងនោះ ខេត្តកំពង់ចាម បានបង្កើតសមាគម មនុស្សចាស់ ឃុំ/សង្កាត់ ចំនួន ១០៩សមាគម ក្នុងនោះមាន ៧៩សមាគមកំពុងដំណើរការ ដែលមានសមាជិកសរុប ៣៣.៨២៤នាក់ផងដែរ។
លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ការបង្កើតសមាគមមនុស្សចាស់ មានគោលបំណងលើកកម្ពស់ការចូលរួមរបស់មនុស្សចាស់ក្នុងសកម្មភាពសង្គម និងសហគមន៍ ពង្រឹងសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ការការពារសិទ្ធិ និងផលប្រយោជន៍ ព្រមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាព ដើម្បីឱ្យមនុស្សចាស់ទទួលបានការថែទាំ និងការគាំទ្រ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងសុភមង្គល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *