នគរបាលខេត្តព្រៃវែង បញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចុះសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះបន្ទាប់ពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់រួចមក កម្លាំងនគរបាលខេត្តព្រៃវែងពួតដៃរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ចុះសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ទោះស្ថិតក្រោម មេឃកំពុងធ្លាក់ភ្លៀងខ្លាំងយ៉ាងណាក៏ដោយប្រើពេលអស់រយៈពេលជាច្រើនថ្ងៃមកនេះ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) តាមបណ្ដោយផ្លូវជាតិសំខាន់ៗដូចជាលេខ ១ និងលេខ ៨ និងលេខ ១១ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងស្រុកកំណើត និងដើរកម្សាន្តតាមតំបន់នានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ហើយត្រឡប់ទៅប្រកបមុខរបរ បំពេញកិច្ចការងារផ្សេងៗនៅរាជធានីភ្នំពេញវិញ និងតាមបណ្ដាខេត្តនានា ។

សូមជម្រាបថា ដើម្បីត្រៀមបង្ការការកកស្ទះចរាចរណ៍ នៅចំណុចស្ពាន់អ្នកលឿង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់ កម្លាំងអន្តរាគមន៍ត្រៀមសហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្ត ជាពិសេសត្រៀមសហការជាមួយកម្លាំងអធិការនគរបាលស្រុកពាមរក៍ ស្រុកពារាំង ស្រុកស្វាយអន្ទរ ស្រុកព្រះស្ដេច និងស្រុកកំពង់ត្របែក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់ពង្រាយកម្លាំងឈរជើងសម្រាប់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរ តាំងពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៥ បន្តរហូតមកដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានធ្វើដំណើរវិលត្រឡប់មកប្រកបមុខរបរ និងធ្វើការងារវិញ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ។ ដោយសារឃើញលំហូរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមកជាបន្តបន្ទាប់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានត្រៀមកម្លាំងអន្តរាគមន៍ រួមសហការសាមគ្គីពួតដៃគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកមួយចំនួនដែលពាក់ព័ន្ធ។

គួរបញ្ជាក់ថា ការចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរនេះ កម្លាំងនគរបាលខេត្តព្រៃវែង មិនមែនចុះធ្វើតែនៅចំណុចស្ពានអ្នកលឿងប៉ុណ្ណោះទេ ពោលគឺកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានចុះតាមគោលដៅដងផ្លូវសំខាន់ៗ ដូចជាគល់ស្ពានអ្នកលឿង រង្វង់មូលថ្វាយអន្ទរ ចំណុចគល់ស្ពានកំពង់ពពិល ទីប្រជុំជនផ្សារកំពង់សឹងស្រុកព្រះស្ដេច និងផ្សារកអណ្ដើកស្រុកកំពង់ត្របែក ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ខណៈនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះប្រជាពលរដ្ឋភាគច្រើនបានសម្រុក ធ្វើដំណើរត្រឡប់ទៅប្រកបមុខរបរវិញ ជាលទ្ធផលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនៅតាមគោលដៅនីមួយៗពុំមានការកកស្ទះចរាចរណ៍គួរឲ្យកត់សម្គាល់ឡើយ ។

នេះគឺជាបេសកកម្មមួយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង ខិតខំប្រឹងប្រែង ទោះស្ថិតក្រោមភ្លៀងរលឹម និងកំដៅថ្ងៃយ៉ាងណាក៏ដោយ ក៏កងកម្លាំងឈរជើងទាំងអស់ បានយកចិត្តទុកដាក់ខិតខំបំពេញការងារយ៉ាងភ្ជាប់ខ្ជួន និងទទួលខុសត្រូវខ្ពស់គឺដើម្បីប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ងាយស្រួលធ្វើដំណើរ និងមានសុខសុវត្ថិភាព កាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *