ក្រុមការងារជំនាញក្រសួង និងរដ្ឋបាលស្រុកស៊ីធរកណ្តាល ចុះពិនិត្យសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលទើបប្រទះឃើញតាមរយៈការធ្វើកំណាយនៅតំបន់ប្រាសាទព្រៃដើមស្រុក

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ាន ចិន្តា អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល បានដឹកនាំលោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចុះចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញផ្នែកអភិរក្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង ដើម្បីពិនិត្យមើលផ្ទាល់នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានធ្វើកំណាយរកឃើញដោយក្រុមការងារជួសជុលតួប្រាសាទព្រៃដើមស្រុក ស្ថិតក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

​យោងតាមការសិក្សា និងការសន្និដ្ឋានបឋមរបស់ក្រុមការងារមន្ត្រីជំនាញផ្នែកអភិរក្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទព្រៃដើមស្រុក គឺជាបុរាណដ្ឋានដ៏មានតម្លៃមួយ ដែលត្រូវបានកសាងឡើងនៅអំឡុងសតវត្សទី៧ និងត្រូវបានឆ្លងកាត់ការជួសជុលជាច្រើនលើករួចមកហើយ ដើម្បីរក្សាទ្រង់ទ្រាយដើម។

​ជាលទ្ធផលនៃការធ្វើកំណាយនៅចំខឿនផ្នែកខាងលិចឈាងខាងជើង នៃតួប្រាសាទ (ទិសពាយ័ព្យ) ក្រុមការងារជំនាញបានប្រទះឃើញវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិសំខាន់ៗ រួមមាន៖

​ពុទ្ធរូបធ្វើពីលោហៈ ចំនួន ៦អង្គ។

​ភាជន៍ ចំនួន ៤ដុំ (ក្នុងនោះមាន ៣ដុំជាប់បំណែក)។

​បំណែកឆ្អឹង ចំនួន ៣ដុំ ដែលតាមការសន្និដ្ឋានគឺត្រូវបានបញ្ចុះ/កប់នៅអំឡុងសតវត្សទី១៦-១៧។

​បច្ចុប្បន្ន វត្ថុតាង និងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដែលរកឃើញទាំងប៉ុន្មានខាងលើ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញផ្នែកអភិរក្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីនាំយកទៅស្រាវជ្រាវ ចុះបញ្ជី និងរក្សាទុកការពារតាមបច្ចេកទេសអភិរក្សរបស់ក្រសួងបន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *