(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារដូចតទៅ៖
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។
ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោង លើ២៤ម៉ោង បន្តទៀត។ ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។
ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ (៥សីហា២០២៥) ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕

