ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ២២២៣ អង្គ/នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ២២២៣ អង្គ/នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតមជ្ឈមណ្ឌលសន្តិភាព នៅក្រុងកំពង់ចាម។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តីរាជការ និសិ្សតជ័យលាភី និងអ្នកពាក់ព័ន្ធ ប្រមាណជាង ៤.០០០ នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរនិស្សិតជ័យលាភីទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងសិក្សារហូតទទួលបានជោគជ័យ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចការងារ របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)សាខាខេត្តកំពង់ចាម ចំពោះការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ កិត្តិយស និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានយកឱកាសនោះ អបអរសាទរខេត្តកំពង់ចាម ឈរក្នុងលំដាប់ទី៦ ដែលមានចំនួនសិស្សនិទ្ទេស A ច្រើន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងកន្លងទៅថ្មីៗនេះ ជាមួយអត្រាប្រឡងជាប់ចំនួន ៨២,៨% ស្មើនឹង ៧៧៥០នាក់ ដែល ក្នុងនោះ មានសិស្សនិទ្ទេស A ចំនួន ១៤១ នាក់។ ជាមួយគ្នានោះ តាំងនាមតំណាងឲ្យរាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីសាលារៀនទៅអនុវត្តការងារជាក់ស្តែងក្នុងវិស័យនីមួយៗ និងត្រូវធ្វើឱ្យបាន ការប្រែក្លាយសញ្ញាបត្រទៅជាសញ្ញាឃើញនៅគ្រប់អង្គភាពដែលក្មួយៗបម្រើការ ត្រូវខិតខំពុះពារ ជម្នះរាល់ឧបសគ្គក្នុងការបំពេញកិច្ចការ ដើម្បីកសាងខ្លួនឱ្យស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ ដោយត្រូវចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតឱ្យរីកចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ គាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីកម្ពុជាឱ្យគង់វង្សស្ថិតស្ថេរ ធានាសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋកម្ពុជា។

តាមរបាយការណ៍របស់ ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)ខេត្តកំពង់ចាម និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រ នាពេលនេះចំនួន ២,២២៣ នាក់ ( នារី ១,០៩៨ នាក់) ក្នុងនោះ និស្សិតកម្រិតបរិញ្ញាបត្ររងមានចំនួន ៣៧៦នាក់ (នារី ១៨៤ នាក់) និស្សិតកម្រិតបរិញ្ញាបត្រ ១,៥៥៧នាក់ (នារី ៨១៨នាក់) និងនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់មាន ២៩០នាក់ (នារី៩៦នាក់)។ សមិទ្ធផលជាទីមោទនៈនេះ ឆ្លុះបញ្ជាំងពីការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់របស់សាកលវិទ្យាល័យ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះនៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម សំដៅធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិ គឺប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ព្រមទាំងឆ្លើយតបទៅនឹងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅក្នុងតំបន់សហគមន៍អាស៊ាន និងសាកលភាវូបនីយកម្ម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *