ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំមន្ត្រីច្រកទ្វារព្រំដែន រក្សាឥរិយាបថទន់ភ្លន់ មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងអ្នកវិនិយោគ

ស្វាយរៀង ៖ អគារស្នាក់នៅកម្ពស់ ៥ជាន់ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អគារនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសប្បុរសជន រួមគ្នាសាងសង់ឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លើផ្ទៃដីទំហំ ១.៥៦២ម៉ែត្រការ៉េ ចំណាយថវិកាសរុប១.២៣៣.៩៤៣ដុល្លារអាមេរិក សម្រាប់មន្ត្រីមកបំពេញភារកិច្ចឆ្ងាយពីស្រុកកំណើត បានស្នាក់នៅ ដើម្បីធានាសុខុមាលភាព និងផ្តល់ភាពងាយស្រួល ដល់ការប្រចាំការបំពេញភារកិច្ច ២៤ម៉ោង លើ២៤ម៉ោង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានរម្លឹកអតីតកាល ដែលច្រកទ្វារព្រំដែននេះ ដើមឡើយជាចំណុចឆ្លងកាត់ព្រំដែន មានសមត្ថកិច្ចការពារព្រំដែន និងនគរបាលត្រួតពិនិត្យការចេញចូលបន្តិចបន្តួច ប៉ុន្តែក្រោយពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ច្រកទ្វារបាវិតត្រូវបានដំឡើងកម្រិតទៅជាច្រកទ្វារព្រំដែនអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បើតាមប្រមុខក្រសួងមហាផ្ទៃ ការសាងសង់អគារថ្មីនេះឡើង គឺកើតចេញពីការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពេលថ្នាក់ដឹកនាំបានមើលឃើញពីការលំបាករបស់មន្ត្រីផ្ទាល់ ពិសេស អគារចាស់មានសភាពទ្រុឌទ្រោម និងបន្ទប់ស្នាក់នៅមានភាពចង្អៀតណែន ដែលមិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការបំពេញការងារប្រចាំថ្ងៃរបស់កងកម្លាំង។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ ដែលជាកម្លាំងជួរមុខ ត្រូវតែប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ សុភាពរាបសារ ពោរពេញដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ ដោយត្រូវចៀសវាងឱ្យបាននូវការប្រព្រឹត្តអំពើមិនល្អផ្សេងៗដែលប៉ះពាល់ដល់កិត្តិយសអង្គភាព។

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា មន្ត្រីអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែន និងអាកាសយានដ្ឋាននានា គឺជាមុខមាត់ដំបូងបង្អស់នៃប្រទេសជាតិ ដែលភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេសបានជួបប្រទះមុនគេ ពេលឈានជើងចូលមកកាន់កម្ពុជា។ ដូច្នេះ ការបង្ហាញនូវស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងការសម្រួលនីតិវិធីប្រតិបត្តិការងារឱ្យបានឆាប់រហ័ស ត្រឹមត្រូវ តាមច្បាប់ មិនត្រឹមតែបង្កើតនូវបរិយាកាសកក់ក្តៅ និងការចាប់អារម្មណ៍ល្អដល់ភ្ញៀវបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ និងជំរុញវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវថែរក្សាសមិទ្ធផលអគារស្នាក់នៅថ្មីនេះឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង ព្រមទាំងត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹងភាសាបរទេស និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងការអភិវឌ្ឍ និងការរីកចម្រើននៃកិច្ចការអន្តោប្រវេសន៍ក្នុងយុគសម័យឌីជីថលនេះផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *