ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានការខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះ អាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារឡើយ។
ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងខណៈ ឯកឧត្ដម និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ សមាជិកអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់កម្ពុជា ក្នុងទិវាមនុស្សចាស់អន្តរជាតិលើកទី២៨ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍» នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ដោយមានសមាជិកជាអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់មកពីតាមបណ្តាសង្កាត់ទាំង១០៥ ខណ្ឌទាំង១៤ ចំនួន ៥២៥នាក់។
ឯកឧត្តម ឃួង ស្រេង បានបន្តថា សម្តេច ទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់។សូមឱ្យលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ និងប្រជាពលរដ្ឋទាំងអស់ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។
ឯកឧត្តម បន្ថែមថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលនេះ។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង ៥២៥នាក់ នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម, ភួយ០១, ក្រមា០១, ត្រីខ ០១យូរ, មី ០១កេសតូច, ទឹកបរិសុទ្ធ ០១កេស និងថវិកាមួយចំនួនទៀត។
ក្នុងឱកាសនោះដែរលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង តែងតែដឹកនាំ ផ្តួចផ្តើម ចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ជាពិសេស អតីតយុទ្ធជន និងមនុស្ស វ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រជួបការលំបាក ផ្នែកជីវភាពនាពេលកន្លងមក។
លោកតា ងួន ឈិន អាយុ៨៤ឆ្នាំ រស់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងលោកតា ម៉ៅ សួន អាយុ៧១ឆ្នាំ រស់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក្នុងឱកាសនោះដែរ បានថ្លៃនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឃួង ស្រេង ដែលតែតែយកចិត្តទុកដាក់ចំពោះមនុស្សចាស់ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន៕


