(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ មានរៀបចំសិក្ខាសិលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ក្រោមអធិបតីភាព ឯកឧត្តម ឡាយ សុខហេង អគ្គនាយកបទប្បត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងលោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង-ស្រុក តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
លោក ហៀម ឃួន អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសិលានេះឡើង នៅលើទឹកដីខេត្តពោធិ៍សាត់។ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកត្តាស្នូលមួយយ៉ាងសំខាន់ ក្នុងការជួយឱ្យប្រជាពលរដ្ឋចេះគ្រប់គ្រងចំណូល ចំណាយ ចេះប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការឱ្យបានត្រឹមត្រូវ និងចៀសវាងបាននូវការធ្លាក់ចូលទៅក្នុងបំណុលវណ្ឌក ឬការចាញ់បោកការប្រាក់ក្រៅប្រព័ន្ធ។
រដ្ឋបាលខេត្តពោធិ៍សាត់ តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងផ្តល់នូវពុទ្ធិយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីយកទៅផ្សព្វផ្សាយបន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែទូលំទូលាយ។
មានប្រសាសន៍បើកសិក្ខាសិលា ឯកឧត្តម ឡាយ សុខហេង អគ្គនាយកបទប្បត្តិ និងបរិយាបន្នហិរញ្ញវត្ថុ បានលើកឡើងអំពីសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការការពារសិទ្ធិផលប្រយោជន៍របស់អតិថិជន គឺជាអាទិភាពដ៏សំខាន់មួយ ដើម្បីធានាបាននូវស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
តាមរយៈសិក្ខាសាលានេះ យើងចង់ឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន បានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ច និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវរួមគ្នាបន្តពង្រឹងតម្លាភាព ផ្តល់ព័ត៌មានច្បាស់លាស់ និងការពារអតិថិជនពីហានិភ័យផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សិក្ខាសិលានេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម ដោយមានការចោទសួរសំណួរ និងការពិភាក្សាដោះដូរមតិយ៉ាងផុលផុស លើប្រធានបទពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុបុគ្គល និងគ្រួសារ ក៏ដូចជាយន្តការការពារសិទ្ធិអតិថិជនផងដែរ៕

