អភិបាលខេត្តពោធិ៍សាត់ បន្តទទួលថវិកាបរិច្ចាគជាបន្តបន្ទាប់ ដើម្បីគាំទ្រការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកនៅតែបន្តរស់រវើក នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ជាក់ស្តែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលបន្ទប់រង់ចាំ សាលាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាបរិច្ចាគជាបន្តបន្ទាប់ ពីសំណាក់សប្បុរសជន និងតំណាងក្រុមហ៊ុនឯកជន ដើម្បីចូលរួមចំណែកក្នុងដំណើរការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

អគារសុខាភិបាលដ៏ទំនើបមួយនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំង ព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព សង្គ្រោះជីវិតជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវកតញ្ញូ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់សប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

ចំពោះករណីការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់នេះវិញ រូប ឯកឧត្តម និងឯកឧត្តម កែវ រតនៈ ធ្វើឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាធំ ដើម្បីឱ្យពួកគាត់ទទួលបានសេវាព្យាបាលទាន់ពេលវេលា កាត់បន្ថយការចំណាយ និងមិនបាច់ចំណាយពេលធ្វើដំណើរឆ្ងាយ។

ឯកឧត្តម អភិបាលខេត្ត បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងយកគ្រប់ថវិកាបរិច្ចាគទាំងអស់ ទៅប្រើប្រាស់ឱ្យចំគោលដៅ ប្រកបដោយតម្លាភាពបំផុត ពិសេសនឹងមានការចារឹក ឬឆ្លាក់ឈ្មោះរបស់សប្បុរសជនទាំងអស់ទុកនៅលើអគារនេះ ដើម្បីទុកជាប្រវត្តិសាស្ត្រ និងជាការដឹងគុណជារៀងរហូត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *