អភិបាលរាជធានីភ្នំពេញ ៖ ភាពជិតស្និទ្ធ បានធ្វើឱ្យពលរដ្ឋ និងកម្មករ ងាកមកប្រើប្រាស់សេវាដឹកជញ្ជូនរថយន្តក្រុងដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ភាពជិតស្និទ្ធនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងកម្មកររោងចក្រ ងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់រថយន្តក្រុង ដោយមិនគិតថ្លៃនេះថែមទៀត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាឱកាសអញ្ជើញរួមជាមួយ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនី ឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខណៈដែលពួកគាត់ត្រូវចាកចេញពីភ្នំពេញទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា តាមការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្តី នៃកម្ពុជា បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងការងារ ដើម្បីរៀបចំជូនដំណើរប្រជាពលរដ្ឋ កម្មករ កម្មការិនីធ្វើការនៅរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ តាមការប្រើប្រាស់សេវារថយន្តសាធារណៈរាជធានីភ្នំពេញ ដើម្បីជួបជុំបងប្អូននៅរដូវបុណ្យភ្ជុំបិណ្ឌ។

ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ ទទួលនូវការណែនាំ និងអនុសាសន៍ ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន។ បន្ទាប់មកទៀត ក្នុងនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បន្តនូវប្រពៃណីនេះ តាមគោលការណ៍របស់ សម្តេចតេជោ ដោយបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង ដើម្បីជូនដំណើរពួកគាត់ ទៅបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ នៅតាមបណ្តាខេត្ត។

ប៉ុន្តែឆ្នាំនេះចម្លែក ដោយឃើញប្រជាពលរដ្ឋ មកធ្វើកិច្ចការងារ ប្រកបមុខរបរ អាជីវកម្ម នៅរាជធានីភ្នំពេញ បានធ្វើដំណើរទៅខេត្តទាំង២៤នេះ មានចំនួនច្រើនជាងមុន ដោយសារគាត់បានឃើញអំពីអត្ថប្រយោជន៍ដែល សម្តេចធិបតី បានផ្តល់ជូនគាត់ ក៏ដូចជា អ្នកបម្រើសេវាដឹកជញ្ជូន មានភាសាផ្អែមល្ហែម ក្នុងនាមជាជាតិតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ភាពជិតស្និទ្ធនេះ បានធ្វើឱ្យគាត់ងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ របស់រថយន្តក្រុង ដោយមិនគិតតថ្លៃនេះថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា កម្មករម្នាក់ យ៉ាងតិចត្រូវចំណាយ១៥ដុល្លារធ្វើដំណើរទៅតាម បណ្តាខេត្តឆ្ងាយៗ ហើយជារៀងរាល់ឆ្នាំពលរដ្ឋបានមកទទួលសេវាជិះរថយន្តក្រុងនេះប្រមាណ៥ ម៉ឺននាក់ទៅ៦ម៉ឺននាក់ ដែលអាចកាត់បន្ថយការចំណាយប្រជាពលរដ្ឋបានច្រើន។នេះ ជាគោលការណ៍ដ៏ឈ្លាសវៃ របស់សម្តេចធិបតី បន្តវេនពី សម្តេចតេជោ ហ៊ុន សែន។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *