ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លែងត្រីរាជមេពូជ ២ក្បាលទៀត ចូលដែនអភិរក្សជ្រោយស្តី!

ពោធិ៍សាត់៖ ក្រុមការងារជំនាញជលផលចម្រុះ រួមជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូអភិរក្ស បានបន្តបេសកកម្មសង្គ្រោះ និងលែងត្រីរាជ ដែលជាប្រភេទត្រីមេពូជទឹកសាបកម្រ និងជិតផុតពូជចំនួន ២ក្បាល បន្ថែមទៀតចូលទៅក្នុងកន្លែងអភិរក្សជលផលជ្រោយស្តី ដើម្បីថែរក្សានិរន្តរភាពពូជត្រីធម្មជាតិក្នុងប្រទេសកម្ពុជា។

ប្រតិបត្តិការលែងត្រីកម្រនេះ បានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ភុន សុវណ្ណា តំណាងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង ក្រុមការងារអគ្គនាយកដ្ឋានជលផល វិទ្យាស្ថានស្រាវជ្រាវវារីជាតិ និងវារីវប្បកម្មនៃបណ្ឌិតសភាកសិកម្មកម្ពុជា ព្រមទាំងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។

យោងតាមរបាយការណ៍ពីមន្ត្រីជលផល ត្រីរាជទាំង ២ក្បាលនេះ ត្រូវបាននេសាទបានដោយចៃដន្យដោយឧបករណ៍លបណរ៉ាវ របស់ប្រជានេសាទឈ្មោះ ហេង ភារិន រស់នៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ នៅចំណុចកំពង់ឃ្នៀស (ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ)។ ត្រីរាជទាំងនោះមានទំហំ និងទម្ងន់ដូចខាងក្រោម៖ ក្បាលទី១៖ មានទម្ងន់ ៣៧ គីឡូក្រាម និងប្រវែង ១,៥២ ម៉ែត្រ និងក្បាលទី២៖ មានទម្ងន់ ១១ គីឡូក្រាម និងប្រវែង ០,៩១ ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីដើមឆ្នាំ២០២៦ មកទល់ពេលនេះ ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានសហការជាមួយភាគីពាក់ព័ន្ធ សង្គ្រោះ និងលែងប្រភេទត្រីមេពូជកម្រជិតផុតពូជបានសរុបចំនួន ៨លើក មានចំនួន ១៣ក្បាល (ក្នុងនោះរួមមាន ត្រីគល់រាំងចំនួន ៤ក្បាល និងត្រីរាជចំនួន ៩ក្បាល) ចូលទៅក្នុងដែនជម្រកអភិរក្សដោយសុវត្ថិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *