(កំពង់ចាម): នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន និងពិធីផ្សព្វផ្សាយ យុទ្ធសាស្រ្តជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤~២០២៨ ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យឹម ឆៃលី បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នា កសាង អភិវឌ្ឍន៍ខេត្តកំពង់ចាម ឲ្យមានការរីកចម្រើនជាលំដាប់ រួមនឹងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម យឹម ឆៃលី ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ ក្រុមការងារក្រុងកំពង់ចាម និងសង្កាត់ទាំង៤ក្នុងក្រុងកំពង់ចាមត្រូវបេីកវេទិកាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនដេីម្បី ឲ្យបានដឹងថាប្រជាពលរដ្ឋខ្វះខាតអ្វី និងត្រូវការអ្វីហេីយយើង ត្រូវ ដោះស្រាយជូនគាត់។ លេីសពីនោះត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ។
ឯកឧត្តម យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន និងត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ឲ្យដូចភ្លៀងរលឹម។ លេីសពី នោះ ត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជា ពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះផងដែរ ៕



