(ពោធិ៍សាត់)៖ វិវាទការងាររវាងកម្មករ-កម្មការិនី និងភាគីរដ្ឋបាលនៃរោងចក្រ លានហ្វាហេងយូ និងប៊ូលស្តា (ខេមបូឌា) ហ្កាម៉ិន ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងសន្តិវិធីហើយ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំថ្មកែវសាលាខេត្ត ក្រោមការដឹកនាំសម្របសម្រួលយ៉ាងទាន់ពេលវេលា ពីសំណាក់អាជ្ញាធរខេត្តពោធិ៍សាត់។
កិច្ចប្រជុំសម្របសម្រួលបន្ទាន់មួយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ហេង សុភាណា និងលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, តំណាងកម្មករ, ភាគីក្រុមហ៊ុន, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមមួយ ដោយភាពទទួលខុសត្រូវ។
នៅក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការព្រួយបារម្ភ និងបានសំណេះសំណាលយ៉ាងជិតស្និទ្ធ ជាមួយតំណាងប្អូនៗកម្មករ-កម្មការិនី ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតទីផ្សារការងារជាច្រើនកន្លែង ជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា «ប្រសិនបើគ្រាន់តែមានបញ្ហាទំនាស់ ឬអាកប្បកិរិយាមិនសមរម្យ របស់លោកប្រធានរដ្ឋបាល ហើយបងប្អូននាំគ្នាទៅបិទផ្លូវជាតិ ដែលជាខ្សែដង្ហើមសេដ្ឋកិច្ចដឹកជញ្ជូនគ្រប់បែបយ៉ាងរបស់យើងនោះ តើនរណាជាអ្នកទទួលខុសត្រូវ? ទង្វើរបស់កូនៗក្មួយៗ កម្មករ-កម្មការិនី ដែលបានធ្វើនាព្រឹកមិញនេះ ធ្វើឱ្យអ្នកវិនិយោគក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតមិនពេញចិត្តនោះទេ។ សូមកុំបន្តធ្វើទង្វើបែបនេះទៀត មានការអ្វីយើងអាចនិយាយគ្នាបាន។»
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា «ឥឡូវនេះ រឿងបុគ្គល ផុង សុខា អតីតប្រធានរដ្ឋបាលរោងចក្រ គឺគាត់បានស្ម័គ្រចិត្តលាឈប់ពីការងារហើយ ដូច្នេះបងប្អូនកូនក្មួយទាំងអស់សូមស្ងប់ចិត្ត ហើយកុំខកខានមកបំពេញការងារនៅថ្ងៃស្អែកឱ្យសោះ។”
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ខូយ រីដា ក៏បានផ្តល់នូវទំនុកចិត្ត ដល់តំណាងបងប្អូនកម្មករ-កម្មការិនី ដោយបានផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនទាំង៣ខ្សែ របស់លោក ជូនដល់កម្មករ-កម្មការិនី ដើម្បីអាចទំនាក់ទំនង រាយការណ៍ ឬសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗ បានទាន់ពេលវេលានៅថ្ងៃខាងមុខ។

