ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកស្រី ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និង លោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករង តំណាង ឯកឧត្ដម ស៊ឹម សុធន អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល” ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ, ប្រធានមូលនិធិជាតិជំនួយសង្គមសាខាខេត្ត, អភិបាល-អភិបាលរងក្រុង-ស្រុកទាំង១៣, មេឃុំ ចៅសង្កាត់ និងមន្ត្រីឃុំ-សង្កាត់ទទួលបន្ទុកកម្មវិធី ដោយមានសមាសភាពចូលរួមសរុបចំនួន ២៥១ រូប។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងផ្ដល់ចំណេះដឹងបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិ អំពីនីតិវិធីប្រតិបត្តិ និងយន្តការនៃការផ្តល់ជំនួយសង្គមអន្តរាគមន៍បន្ទាន់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយសារគ្រោះមហន្តរាយ ឬវិបត្តិនានាឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕

