(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ និងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចុះត្រួតពិនិត្យស្ថានភាពស្រូវវស្សារបស់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅភូមិថ្នល់កែង ភូមិធ្នង់ខាងកើត និងភូមិធ្នង់ខាងលិច ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។
បន្ទាប់ពីការចុះពិនិត្យស្ថានភាពស្រូវវស្សាដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងប្រមាណជាង ៣០០ហិតា ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានីយធារាសាស្ត្រ ស្ទឹងជោរ៍ និងតាដុក ដើម្បីស្វែងយល់ពីស្ថានភាពទឹកជាក់ស្ដែង និងបានណែនាំដល់លោកអភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តតាមដានដោយការយកចិត្តទុកដាក់ខ្ពស់ និងក្តាប់ស្ថានការណ៍ទឹកក្នុងភូមិសាស្ត្រស្រុក ឲ្យបានច្បាស់លាស់ ដើម្បីមានវិធានការសមស្របលើបញ្ហាប្រឈមនេះ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

