អភិបាលខេត្តកំពង់ចាម ណែនាំដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការប្រឹងប្រែងសរសេរចម្លើយ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា និងក្លាយជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

មានប្រសាសន៍ណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម និង ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) រួមទាំងតំណាងអ្នកពាក់ព័ន្ធផ្សេងទៀត អញ្ជើញកាត់បើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ១០-សីហា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ (ត្បូង) ស្ថិតក្នុងក្រុងកំពង់ចាម។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថាការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ក្នុងការស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបទៅដោយសុខសន្តិភាព និងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសនោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្ដេច តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ទៅលើសិស្សានុសិស្សគ្រប់ៗរូប។

សូមបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ចាម មានបេក្ខជនសរុបចំនួន ៩.៥៧៥នាក់ ក្នុងនោះស្រី ៥.៦៨៣នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *