ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ នៅទូទាំងប្រទេស។
ពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯ មណ្ឌលកំណែ មានចំនួន១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ៕

