អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ ឱ្យអស់ពីសមត្ថភាព និងទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា ដើម្បីក្លាយជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា បេក្ខជនក្នុងខេត្ត ដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នាពេលនេះ មានចំនួនសរុប ៩,៧៣៦នាក់ ក្នុងនោះស្រី ៥,៧៣៤នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ក្នុងនោះវិទ្យាសាស្ត្រចំនួន ៥មណ្ឌលនិងវិទ្យាសាស្ត្រសង្គម ចំនួន១១ មណ្ឌល។ មណ្ឌលប្រឡងទាំងអស់នោះ មានស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកជើងព្រៃ និងបន្ថែមមណ្ឌលថ្មីគឺស្ថិតនៅក្នុងស្រុកកងមាស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *