អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញបទបញ្ជាចំនួន ៥ចំណុច ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន ក្នុងសហគមន៍

ត្បូងឃ្មុំ ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ស្ថិតនៅសាលប្រជុំ «គ» សាលាខេត្តត្បូងឃ្មុំ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាដំបូងខេត្ត តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម និងសិស្សានុសិស្ស សរុបប្រមាណជិត ៥០០នាក់។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ អាជ្ញាធរខេត្តបានចុះអប់រំនៅតាមមូលដ្ឋានភូមិ-ឃុំបានជិត ២,០០០លើក មានប្រជាពលរដ្ឋចូលរួមសរុបជាង ៤៤,០០០នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១៩៦ករណី ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក (ICE) ជាង ១,៧៥គីឡូក្រាម, ថ្នាំញៀនគ្រាប់ (WY) ១១៤ក្រាម, រថយន្ត ៤គ្រឿង, ម៉ូតូ ៩៣គ្រឿង, ទូរស័ព្ទដៃ ២៤៩គ្រឿង និងជញ្ជីងថ្លឹង ១២គ្រឿង។

លើសពីនេះ លេខាធិការដ្ឋានបានបញ្ជូនជនរងគ្រោះដោយសារគ្រឿងញៀន ៤០៤នាក់ (ស្រី ២០នាក់) ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា ដោយក្នុងនោះ ២៤៦នាក់ បានជាសះស្បើយ និងវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញ។

ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង បានអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននាពេលកន្លងមក។

ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងទិសដៅការងារសំខាន់ៗចំនួន ៥ ចំណុច៖
១. បង្កើនការអប់រំ-ផ្សព្វផ្សាយ៖ ចុះអប់រំផ្ទាល់តាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន។
២. អនុវត្តវិធានការរដ្ឋបាល និងទប់ស្កាត់៖ គ្រប់គ្រង និងចុះធ្វើកិច្ចសន្យានៅតាមគោលដៅងាយរងគ្រោះ ដូចជា ផ្ទះជួល បន្ទប់ជួល តំបន់មិនរៀបរយ និងខុនដូ។
៣. រឹតបន្តឹងវិធានការច្បាប់៖ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបទល្មើសប្រើប្រាស់ ជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយគ្មានការលើកលែង។
៤. សង្គ្រោះ និងស្តារនីតិសម្បទា៖ យកចិត្តទុកដាក់បញ្ជូនជនរងគ្រោះទៅទទួលការព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលឯកទេស។
៥. សម្អាតផ្ទៃក្នុង (បទបញ្ជា ០១ បប)៖ គ្រប់មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ត្រូវធ្វើតេស្តទឹកមូត្រស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។

បន្ថែមលើនេះ ឯកឧត្តម ប៉ែន កុសល្យ បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទូទាំង ០៧ ក្រុង-ស្រុក បង្កើនការស្រាវជ្រាវទីតាំងសង្ស័យ ព្រមទាំងសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានទាន់ពេលវេលា ព្រមទាំងបន្តការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំគោលដៅ ធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *